តើប្រិយមិត្តយល់យ៉ាងណាដែរ បើម៉ាស៊ីនហ្គេម Nintendo Switch ផលិតនៅប្រទេសកម្ពុជាយើងនាពេលខាងមុខនេះ?
សម្រាប់អ្នកតែងតែចូលចិត្តលេងហ្គេម ប្រាកដជាធ្លាប់ដឹងឮរួចមកហើយ អំពីម៉ាស៊ីនហ្គេមចល័ត ដែលមានភាពល្បីល្បាញឈ្មោះថា Switch របស់ក្រុមហ៊ុនមកពីប្រទេសជប៉ុន Nintendo ដោយក្រុមការងារ ខេមបូរីផត ក៏ធ្លាប់បានធ្វើការដាក់បង្ហាញជូន ទាំងម៉ូឌែលដើម និងម៉ូឌែល Lite រួចមកហើយ នៅលើឆានែលយូធូបផ្លូវការរបស់យើង ផងដែរ។ ចុះប្រិយមិត្តទាំងអស់គ្នា តើធ្លាប់គិតមើលដែរឬទេថា វានឹងអាចមកផលិតនៅប្រទេសយើង និងនាំយកទៅទីផ្សារអន្ដរជាតិ ព្រោះនាពេលឆាប់ៗខាងមុខនេះ វានឹងក្លាយទៅជាការពិតហើយ។
បើយោងទៅតាមទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសរសេរបញ្ជាក់ឲ្យបានដឹងថា លោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ដែលត្រូវជាប្រធានក្រុមហ៊ុនមីនីបៀ របស់ប្រទេសជប៉ុន បានចូលជួបសម្តែងការគួរសម ព្រមទាំងពិភាក្សាកិច្ចការងារមួយចំនួន។ ក្នុងឱកាសនោះផងដែរ លោកកៃណូម៉ា បានគោរពរាយការណ៍ជូនសម្ដេចតេជោថា បន្ទាប់ពីការផលិតម៉ូទ័រហើយ ក្រុមហ៊ុនរបស់ខ្លួនក៏ទើបតែទទួលបាន ការអនុញ្ញាតលើការផលិតម៉ាស៊ីនហ្គេមចល័តទៀត ហើយវាត្រូវជា Nintendo Switch នេះតែម្ដង។ ហេតុដូច្នេះហើយ នាពេលខាងមុខនេះ ផលិតផលទាំងអស់នោះ នឹងត្រូវមានភ្ជាប់ស្លាកសញ្ញាថា “Made in Cambodia” ដោយចង់តំណាងឲ្យដឹងច្បាស់ថា ផលិតនៅប្រទេសកម្ពុជាយើង ហើយនាំចេញទៅទីផ្សារសកល ថែមទៀតផង។ នេះពិតជាមោទនភាពដ៏ខ្ពស់មួយ ដែលប្រទេសយើងបានឈានដល់ ការផលិតម៉ាស៊ីនហ្គេមចល័ត ក្រោមឈ្មោះថាផលិតនៅប្រទេសកម្ពុជា និងនាំយកទៅប្រើប្រាស់ នៅស្រុកក្រៅដូចនេះបាន។
ក្រៅពីនេះទៅទៀត កាលពីឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុនមីនីបៀ បានធ្វើការវិនិយោគទុនទឹកប្រាក់ចំនួន 372 លានដុល្លារ នៅក្នុងប្រទេសយើង ហើយបើគិតនៅក្នុងឆ្នាំនេះវិញ គឺមានចំនួនដល់ទៅ 400 លានដុល្លារឯណោះ។ ការចាប់ផ្ដើមផលិតម៉ាស៊ីនហ្គេម Nintendo Switch នៅក្នុងប្រទេសយើង គឺមិនត្រឹមតែអាចផ្ដល់ការងារ ដល់ប្រជាជនយើងបានច្រើន ឬ កំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់នោះទេ ថែមទាំងធ្វើឲ្យប្រទេសដទៃៗ ទូទាំងពិភពលោក ស្គាល់ប្រទេសយើងបានច្បាស់ទៀត។
0 Comments